ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ ក្នុងផែនការសកម្មភាព ឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

សាលាខេត្តកំពង់ចាម៖ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្ដ្រី ការិយាល័យទ្រព្យសម្បត្ដិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ ក្នុងផែនការសកម្មភាព ឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អនុប្រធានគណៈកម្មការអន្តរក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,អមដោយ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, ឯកឧត្ដម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសូរិយោដី តំណាងដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, និងឯកឧត្ដម លី សារ៉ារិទ្ធិ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម។


គោលបំណងនៃកិច្ចប្រជុំ ១). ពិនិត្យផ្ទៀងផ្ទាត់ចំនួនប័ណ្ណកម្មសិទ្ធិដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាមួយចំនួនដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្ដិរដ្ឋ, ២). ពិភាក្សាអំពីបញ្ហាប្រឈមកន្លងមក ដែលអង្គភាពបានជួបប្រទះក្នុងការធ្វើប័ណ្ណកម្មសិទ្ធិ ដើម្បីអង្គប្រជុំបូកសរុប និងដាក់ចេញវិធានការដោះស្រាយឱ្យបានឆាប់។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ នៃខេត្តកំពង់ចាម មន្ទីរ និងអង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត ។

ព័ត៌មានទាក់ទង